មេបញ្ជាការកងទ័ពជើងគោក៖ ការប្រមាថលើអង្គព្រះមហាក្សត្រ ជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ។
ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង នាថ្ងៃទី១ ខែមីនា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្តថា ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល។
នាឱកាសនោះដែរ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ដែលកន្លងទៅនេះបានបំពេញតួនាទី-ភារកិច្ចទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ ទាំងលើការងារគ្រប់គ្រងកម្លាំងសម្រាប់អន្តរាគមន៍តាមបទបញ្ជា, ការងារហ្វឹកហ្វឺនជំនាញកាំភ្លើងធំតាមផែនការប្រចាំឆ្នាំ និងការចាត់តាំងយោធាចារ្យចុះបង្រៀននៅតាមអង្គភាពមូលដ្ឋាន គឺពិតស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការលើការងារដឹកនាំបញ្ជា និងគ្រប់គ្រងកម្លាំងទ័ពជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោក ៕
