មេទ័ពជើងគោក៖ ការអភិវឌ្ឍរីកចម្រើនកងយោធពលខេមរភូមិន្ទ មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទមកដល់បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នាកំពង់ឆ្នាំង នៅថ្ងៃទី១ ខែមីនា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន និងក្រុមគ្រួសារ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ ដែលជួបប្រទះនៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នស៊ីវិល ព្រមទាំងសប្បុរសជន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយក៏ជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលគាំទ្រដល់ការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងគ្រប់ដំណាក់កាល។
ឧត្តមសេនីយ៍ឯកមេទ័ពជើងគោក បញ្ជាក់ថា «មួយវិញទៀត ការអភិវឌ្ឍរីកចម្រើនរបស់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទមកដល់បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ» ៕
