សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញា យកមកអនុវត្តតាមផ្លូវច្បាប់ ករណីគប់កញ្ចក់រថយន្ត នៅស្រុកមោងឫស្សី

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឃើញខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមដោយគណនីហ្វេសប៊ុកឈ្មោះ បងអេង ចែប៉ុច ដែលលើកឡើងពីករណី ជនសង័្សយធ្វើសកម្មភាពគប់ដុំថ្មលើកញ្ចក់រថយន្តធុនធំមួយគ្រឿងដែលកំពុងធ្វើដំណើរលើដងផ្លូវពេលយប់នៅចំណុច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះករណីនេះហើយ ដែលក្នុងនោះលោកអធិការនគរបាលស្រុកមោងឫស្សី និងផែនជំនាញកំពុងស្វះស្វែងរកប្រភពនិងព័ត៌មានផ្សេងៗទាក់ទងនឹងករណីនេះដើម្បីស្វែងរកមុខសញ្ញាដែលបានប្រព្រឹត្តិដើម្បីយកមកអនុវត្តទោសតាមផ្លូវច្បាប់។
ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕
