សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសពី លោក សុន ឆ័យឡើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបដិសេធមិនទទួលយក ចំពោះការសុំទោសរបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចំពោះការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា «លួចសន្លឹកឆ្នោត» ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា “យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល”។
សម្តេចក៏បានរំលឹកអំពីការសុំទោសរបស់ លោក សម រង្ស៉ី ហើយដែលសម្តេចធ្លាប់បានលើកលែងទោសឱ្យនាពេលកន្លងទៅ ប៉ុន្តែទីបំផុត មេក្រុមប្រឆាំងក្រៅច្បាប់នេះ នៅតែអនុវត្តវប្បធម៌លាបពណ៌របស់ខ្លួនដដែលជាដដែល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «អ្នកគាំទ្រវាគឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុន ឆ័យ បានសរសេរលិខិតមួយ ផ្ញើជូន សម្តេចតេជោ ហ៊ុន សែន ដើម្បី សុំទោសចំពោះអ្វីដែលលោកបានលើកឡើងកន្លងទៅ ពាក់ព័ន្ធនឹងបញ្ហាលួចសន្លឹកឆ្នោត។
លោកលើកឡើងថា “រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស”។
ជាមួយនឹងការសុំទោសនេះ លោកបានបង្ហាញជំហរគាំទ្រ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣ផងដែរ៕
