រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបន្ថែមរូបដំរីចំនួន៥០០ ថែមទៀត នៅរង្វង់មូលដំរី៥

ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានបញ្ជាក់ថា បន្តិចទៀតរង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត។
អាជ្ញាធរខេត្តពោធិ៍សាត់បានឲ្យដឹងទៀតថា ការបន្ថែមរូបដំរីនេះគឺ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងតំណាងឲ្យភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ…) ភាពសាមគ្គីរឹងមាំ (តំណាងសាមគ្គី១០ ជ័យជម្នះ១០…) និងភាពស្មោះត្រង់ការពារ (តំណាងភាពស្មោះស្ម័គ្រការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត…។
ជាមួយគ្នានោះអាជ្ញាធរខេត្តពោធិ៍សាត់ បានអំពាវនាវដល់បងប្អូនជិតឆ្ងាយទាំងអស់ មេត្តាជួយចូលរួមក្នុងការកសាងរូបដំរី៥០០ ទុកជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រ សម្រាប់ទឹកដីជាប់ព្រំដែនមួយនេះផង៕
