ក្រុងកុម្ភបូរី ជាឈ្មោះកំពង់ទឹកមួយដ៏សំខាន់ របស់កម្ពុជានាសម័យអតីតកាល និងសម័យសង្គមរាស្រ្តនិយម

ភ្នំពេញ៖ ក្រុងកុម្ភបូរី ជាឈ្មោះកំពង់ទឹកមួយដ៏សំខាន់ របស់កម្ពុជានាសម័យអតីតកាលនិងសម័យសង្គមរាស្រ្តនិយម ហើយកំពង់នេះនៅជាប់ដៃទន្លេសាប ដែលមានចម្ងាយប្រមាណ ៩១ គ.ម ពីរាជធានីភ្នំពេញ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថា កុម្ភបូរីមានន័យថា ទីកន្លែងប្រមូលផ្តុំរបស់ស្មូនឆ្នាំង កន្លែងធ្វើក្អមឆ្នាំង។ កុម្ភបូរី ជាកន្លែងលក់ដូរ ដ៏ធំមួយនូវឧបករណ៍ប្រើប្រាស់ធ្វើអំពី ដីដុត មានចង្ក្រាន ក្អម ឆ្នាំង និងវត្ថុប្រើប្រាស់អំពីដីផ្សេងៗ ទៀតជាដើម ។
កាលដើមឡើយ មនុស្សសម័យបុព្វកាលមិនទាន់រកឃើញនូវជាតិលោហធាតុ ដើម្បីយកមកកែច្នៃជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចសម័យនេះទេ ដូច្នេះមានតែការច្នៃប្រឌិតផលិតផលវត្ថុប្រើប្រាស់ដែលធ្វើអំពីដីតែប៉ុណ្ណោះដូចជា ចង្ក្រាន ក្អម ឆ្នាំង និងវត្ថុផ្សេងៗទៀតជាច្រើន ព្រោះឧបករណ៍ទាំងនេះជាវត្ថុចាំបាច់បំផុតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
ប្រជាពលរដ្ឋនៅកុម្ភបូរី សុទ្ធតែបានផលិតនូវវត្ថុប្រើប្រាស់ធ្វើអំពីដីដុតនេះ ពួកគេនាំគ្នាធ្វើសិប្បកម្មស្មូនដី ពិសេសគឺពួកស្រីៗ ពេលផលិតរួចស្រេចបាច់អស់ហើយ គេក៏បាននាំចេញទៅលក់ចែកចាយពាសពេញប្រទេសដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវគោក និងផ្លូវទឹក។ ផ្លូវគោកគេប្រើរទេះគោជាមធ្យោបាយដឹកជញ្ជូន តែបើផ្លូវទឹកគេប្រើទូកតូចធំ គ្រប់ប្រភេទសម្រាប់ដឹកជញ្ជូន ការដឹកជញ្ជូនតាមផ្លូវទឹកគឺជាមធ្យោបាយមួយដ៏ប្រសើរបំផុត ព្រោះមិនបណ្តាលឲ្យបាក់បែកខូចខាត និងជាមធ្យោបាយអាចផ្ទុកច្រើនទៀតផង។
ម្យ៉ាងវិញទៀត ដោយផ្លូវទឹកមានលក្ខណៈងាយស្រួលផងនោះ ប្រជាជនដែលផលិត ចង្ក្រាន ក្អម ឆ្នាំង បានរួចរាល់ហើយក៏តែងតែនាំគ្នាយកមកដាក់លក់នៅមាត់កំពង់មួយកន្លែងជាប់នឹងដងទន្លេសាបតែម្តង (ត្រង់ម្តុំចុងកោះផ្សារក្រោម) ដូច្នេះហើយ បានជាកំពង់នេះគេតែងហៅថា កំពង់ឆ្នាំង ជាប់រហូតមក ដូចនេះ កុម្ភបូរី គឺក្រុងកំពង់ឆ្នាំងសព្វថ្ងៃនេះ។
បើយើងងាកមកមើលពីការរៀបចំ ការដឹកជញ្ជូនដាក់ទូកធំៗ ក្អមឆ្នាំង បានក្លាយជាទិដ្ឋភាពមួយដ៍កម្រ និងស្រស់ស្អាត នៅលើផ្ទៃទឹក និងជាសម្រស់យ៉ាងល្អវិចិត្រនៃក្រុងកំពង់ឆ្នាំង ឬកុម្ភបូរី។ ទន្ទឹមនិងការផលិត ទុកដាក់ ក្អមឆ្នាំង អ្នករៀបចំក្រុងនាសម័យនោះក៍បានរៀបចំសោភ័ណភាព សួនច្បារ របៀបរៀបរយ នៃទីក្រុងដើម្បីទាក់ទាញផ្ញៀវទេសចរដែលមកទស្សនាកុម្ភបូរី៕
