ឯកឧត្តម ថោង រដ្ឋសក្តិ ចូលរួមកិច្ចប្រជុំស្ថាប័ន ជាតិទេសចរណ៍ឣាស៊ានលើកទី៥៧ នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ ឯកឧត្តម ថោង រដ្ឋសក្តិ ឣគ្គនាយកឣភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការឣន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៌ឣាស៊ានលើកទី៥៧ នៅទីក្រុងយ៉ូយ៉ាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិនិត្យវាយតម្លៃលើលទ្ធសំខាន់ៗនៃសកម្មភាពទេសចរណ៍ឣាស៊ាន ជាពិសេសពិនិត្យអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំគណៈកម្មការទេសចរណ៍អាស៊ាន កាលពីខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប កន្លងទៅ។
ក្នុងនាមកម្ពុជាជាប្រធានគណៈកម្មការពង្រឹងភាពប្រកួតប្រជែងទេសចរណ៍ឣាស៊ាន (ATCC) ឯកឧត្តម ថោង រដ្ឋសក្តិ បានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តផែនការកាងាររបស់គណៈកម្មការ ដែលរួមមាន សកម្មភាពទីផ្សារនិងផ្សព្វផ្សាយអាស៊ាន ការងារស្តង់ដាគុណភាពទេសចរណ៍អាស៊ានជាដើម ដែលមានក្នុង ATSP 2016-2025 និង Post Covid -19 Recovery Plan for ASEAN Tourism 2021-2025 ។
ក្នុងពេលនោះផងដែរ កម្ពុជា ក៏បានរាយការណ៍ពីលទ្ធផលនៃការរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្រ្តីទេសចរណ៍ឣេកម៉ិកលើកទី៥ ដែលកម្ពុជាជាប្រធានដឹកនាំ និងជាម្ចាស់ផ្ទះរៀបចំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប និងកិច្ចការងារក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់មួយចំនួន ដូចជាកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងជាដើម៕
