រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ៤កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងនិងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រីប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត តំណាងព្រះរាជអាជ្ញា ឯកឧត្តមប្រធានសាលាដំបូង នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាច្រេីនរូបទៀតផងដែរ។
សូមជម្រាបជូនថា យោងប្រកាសលេខ០០២ដនស/ប្រកចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំងលោក គឹម ពិសិដ្ឋ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងជំនួសលោក ម៉ិញ ស៊ីចាយ ដែលត្រូវផ្ទេរភារកិច្ចទៅជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ៕
