ឯកឧត្តម សក់ សេដ្ឋា ណែនាំសមាជិកក្រុមការងារ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឡើងវិញ និងដាក់បញ្ជូលទៅអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យចំណុចដែលខ្វះចន្លោះ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ បានណែនាំឱ្យសមាជិកក្រុមការងារ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឡើងវិញ និងដាក់បញ្ជូលទៅអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្តល់ធាតុនានាបន្ថែមទៀត សម្រាប់ចំណុចដែលនៅខ្វះចន្លោះព្រមទាំងរៀបចំប្រធានបទ និងក្រុមពិភាក្សា ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្ដមបានណែនាំបែបនេះ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ។
ឯកឧត្តម រដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ថា កិច្ចប្រជុំ នេះគឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឆ្លងខ្លឹមសាររបាយការណ៍ ឯកសារ និងការងារពាក់ព័ន្ធមួយចំនួន សម្រាប់បម្រើឱ្យការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រីស្តីទី មានប្រសាសន៍បន្តថា ដើម្បីរៀបចំសន្និបាតក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០២២នេះ ក្រសួងបានបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំការងារពាក់ព័ន្ធនានា សម្រាប់បម្រើឱ្យការប្រព្រឹត្តទៅនៃសន្និបាតប្រចាំចាំឆ្នាំនេះ ដោយគណៈកម្មការនេះមានអនុគណៈកម្មការចំនួន៥ ជាសេនាធិការ ដែលក្នុងនោះរួមមាន៖ ទី១.អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ, ទី២.អនុគណៈកម្មការបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ទី៣.អនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល, ទី៤. អនុគណៈកម្មការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ និង ទី៥.អនុគណៈកម្មការផ្គត់ផ្គង់៕
