បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្រាប់ប្រទេសជាតិទាំងមូលការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿងការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ប្រទេសជាតិទាំងមូលការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿងការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
នៅក្នុងឳកាសពអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ឯកឧត្តម បណ្ឌិតបញ្ជាក់ថា” ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល, ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់”។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានពុះពារច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀននិស្សិតតាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតអាចសិក្សារៀនសូត្រដោយគ្មានការអាក់ខានក្នុងរយៈកាលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ៕
