រថយន្តម៉ាក TOYOTA CAMRY វ៉ាជែងរេចង្កូតជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅលើផ្លូវជាតិលេខ៥

ភ្នំពេញ៖ រថយន្តម៉ាក TOYOTA CAMRY វ៉ាជែងរេចង្កូតជ្រុលទៅបុកម៉ូតូ ដែលកំពុងធ្វើចរាចរណ៍ ក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យខូចខាតរថយន្ត១គ្រឿង ម៉ូតូ១គ្រឿង ស្លាប់មនុស្ស១ នៅកន្លែង កើតហេតុ ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៦-១៣៧ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធ៍សាត់ កាលពីវេលាម៉ោង ១៤និង២០នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក TOYTA CAMRY ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២S.៦១១៧ ធ្វើចរាចរណ៍ពីកើតទៅលិច បុកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាជែង រួចរេចង្កូតទៅបុក ម៉ូតូម៉ាក HONDA. សេរី៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ណ.៩៥៧៦. ភព១ ធ្វើចរាចរណ៍ពីលិចទៅកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញចរាចរណ៍ បានចុះដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ សម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ តាមការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ បានសន្និដ្ឋានថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺកត្តាបើកបរវ៉ាជែងខ្វះការ ប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ តុល្យភាពនៃការខូតខាតស្លាប់មនុស្ស១នាក់ ខូតរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង។
លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ សើ ខន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានមុខរបរជាកសិករ ជាអ្នកបើកបរ ស្លាប់នៅកន្លែងកើតហេតុ ចំពោះអ្នកបើកបររថយន្តមានឈ្មោះ ឆោម ពិសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ យោធាភូមិភាគ៥ មិនមានរងរបួសទេ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងជូនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង រថយន្តនិងម៉ូតូ បានប្រគល់ទៅឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ ដើម្បីអនុវត្តនីតិវិធីបន្ត៕
