អភិបាលស្រុកកៀនស្វាយ ណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ត្រូវគិតគូរពីសុវត្តិភាពប្រជាពលរដ្ឋជាចម្បង និងមិនត្រូវមានការធ្វេសប្រហែស

ភ្នំពេញ៖ លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ត្រូវគិតគូរពីសុវត្តិភាពប្រជាពលរដ្ឋជាចម្បង មិនត្រូវមានការធ្វេសប្រហែស។
នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយលោកអភិបាលរងស្រុក ការិយាល័យជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរឃុំគគីរធំ និងឃុំសំរោងធំ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងអាជីវកម្ម និងស្ថានកំពង់ចម្លងកោះតេជោ ស្ថិតនៅឃុំគគីរធំ និងកំពង់ចម្លងសាក់ពីរ ឃុំសំរោងធំ។
ឆ្លៀតក្នុងឱកាសនេះ លោក ឡូវ សុខសាន បានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងពីរ ត្រូវគិតគូរពីសុវត្តិភាពបងប្អូនប្រជាពលរដ្ឋជាចម្បង មិនត្រូវមានការធ្វេសប្រហែសនិងគោរពទៅតាមលក្ខណៈបច្ចេកទេសទូកដរឱ្យបានត្រឹម ដើម្បីជៀសវៀងបង្ករគ្រោះថ្នាក់ជាយថាហេតុ និងដើម្បីរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។
ជាមួយគ្នានោះលោកបានស្នើដល់ការិយាល័យជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរឃុំ ភូមិ ត្រូវយកចិត្តទុកដាក់តាម ត្រួតពិនិត្យ ស្ថានភាពទូកដរជាប្រចាំ ហើយត្រូវរាយការណ៍មករដ្ឋបាលស្រុកឱ្យបានច្បាស់លាស់៕
