ឯកឧត្តម លីម ស៊ីដេនីន អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងសាធារណការចូលរួមកិច្ចប្រជុំដើម្បីស្ដាប់បទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធភាពដំបូង នៃគម្រោងផ្លូវជាតិលេខ៨

ភ្នំពេញ៖ ឯកឧត្តម លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចូលរួមកិច្ចប្រជុំដើម្បីស្ដាប់បទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធភាពដំបូង នៃគម្រោងផ្លូវជាតិលេខ៨ ពីឃុំព្រែកតាមាក់ រហូតដល់ស្រុកពញ្ញាក្រែក ដោយក្រុមហ៊ុនសំណង់ សៀងហៃ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងស្ដាប់បទបង្ហាញរបស់ក្រុមការងារជំនាញ នៃក្រុមហ៊ុនសំណង់ សៀងហៃ អំពីការសិក្សាសមិទ្ធិលទ្ធភាពដំបូង នៃគម្រោងផ្លូវជាតិលេខ៨ ក៏ដូចជាពិនិត្យពិភាក្សា លើបញ្ហាជាកត្តាប្រឈមដែលអាចកើតមានរបស់គម្រោង ដើម្បីរិះរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការងារសិក្សាសមិទ្ធិលទ្ធភាពនេះមានលទ្ធភាពល្អ ដែលអាចយកទៅអនុវត្តដោយរលូននៅពេលអនាគត ប្រកដោយគុណភាពខ្ពស់។
លើកឡើងក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនសំណង់សៀងហៃ ត្រូវរៀបចំចងក្រងរបាយការណ៍ការងារ នៃការសិក្សាសមិទ្ធិលទ្ធភាពឱ្យបានល្អដើម្បីដាក់ជូនមកក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវផ្ដើមទំនាក់ទំនងជាមួយក្រុមការងារនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដើម្បីសហការរួមគ្នាក្នុងការវិភាគបច្ចេកទេសផ្លូវថ្នល់ ក្នុងគោលដៅឱ្យគម្រោងនេះអាចអនុវត្តទៅបានតាមការដែលបានគ្រោងទុក។
សូមជម្រាបជូនថា៖ តាមរយៈបទបង្ហាញជូនអង្គប្រជុំ គម្រោងផ្លូវជាតិលេខ៨ មានប្រវែងសរុប ១២៣,៦គីឡូម៉ែត្រ ផ្ដើមចេញពីផ្នែកខាងកើត នៃស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ គម្រោងផ្លូវតភ្ជាប់រវាងខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំនេះ នឹងពង្រីកផ្លូវពី២គន្លង ទៅ៤គន្លង ដែលមានទំហំតួផ្លូវប្រវែង ២៥ម៉ែត្រ និង២០ម៉ែត្រ (ត្រង់គីឡូម៉ែត្រលេខ ២៩+៤៧៩ ដល់គីឡូម៉េត្រលេខ ៣០+៦០០)។ គ្រោងនឹងបើកការដ្ឋានក្នុងឆ្នាំ២០២៤ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨នេះ គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ២៦៥លានដុល្លាអាមេរិក៕
