សម្ដេចតេជោ ហ៊ុន សែន៖ ផ្លូវជាតិលេខ៤១ ជាតម្រាយផ្លូវ ត្រូវបានប្រើតាំងពីសម័យព្រះបាទអង្គឌួង ក្នុងការតភ្ជាប់រាជធានីនៅឧដុង្គ ទៅកាន់ខេត្តកំពត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា ផ្លូវជាតិលេខ៤១ ជាតម្រាយផ្លូវ ដែលត្រូវបានប្រើប្រាស់ តាំងពីសម័យព្រះបាទអង្គឌួង ក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់រាជធានីនៅឧដុង្គ ទៅកាន់សមុទ្រខេត្តកំពត ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ឥណទាន សម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១ ។
សម្តេចតេជោថ្លែងថា គោលនយោបាយកម្ពុជាពីមុន លុយតិច ធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្នត្រូវផ្តោតលើគុណភាព និងសោភ័ណភាព ។ សម្តេចថា ផ្លូវជាតិលេខ៤១ ជាការតភ្ជាប់ផ្លូវដ៏មានសារៈសំខាន់ សម្រាប់វិស័យដឹកជញ្ជូន និងទេសចរណ៍ ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា មកដល់ពេលនេះ មិត្តចិនជួយសាងសង់ផ្លូវ ៣០ខ្សែ ប្រវែងជាង៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ។ ក្នុងនោះមានផ្លូវកំពុងសាងសង់ជាច្រើនខ្សែទៀត តម្លៃប្រមាណ៥០០លានដុល្លារ។ ដោយឡែកស្ពាន ដែលបានសាងសង់ និងកំពុងសាងសង់ចំនួន៩ខ្សែទៀត ៕
