គណៈប្រតិភូសាលាខេត្តពោធិ៍សាត់ អញ្ជើញចុះសាកសួរសុខទុក្ខកងការពារព្រំដែនលេខ៥០១

ភ្នំពេញ៖ គណៈប្រតិភូសាលាខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃទិសភាគខាងលិច ខេត្តពោធិ៍សាត់ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០១ ។
លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានរាយការណ៍ជូនប្រតិភូសាលាខេត្តពោធិ៍ ស្តីពីការបំពេញភារកិច្ចរបស់កងការពារព្រំដែនលេខ៥០១ លើភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវបានរឹងមាំតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ។
ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែន៥០១ លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម អភិបាលខេត្ត និងសហការីទាំងអស់ដែលបានឆ្លាតពេលវេលាមមាញឹកដ៏មានតម្លៃបាន អញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងការពារព្រំដែនលេខ៥០១ នាពេលនេះថា ពិតជាបានជួយសម្រួល និងផ្គត់ផ្គង់បន្ថែមដល់ការហូបចុកប្រចាំថ្ងៃរបស់នាយ-ពលទាហាន ស្របតាមពាក្យស្លោក « សមរភូមិក្រោយ ជួយសមរភូមិមុខ » ដើម្បីជាតិមាតុភូមិ និងប្រជាជន ។
អញ្ជើញមានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ខូយ រីដា ក្នុងនាម អភិបាលខេត្ត និងសហការីបានថ្លែងការកោតសរសើរចំពោះកងកម្លាំងកងការពារព្រំដែនលេខ៥០១ ដែលបានឈរជើងការពារបូរណភាពទឹកដីបានរឹងមាំ ការពារសន្តិសុខ ជូនជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តម ខូយ រីដា បានពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខផងដែរ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃខេត្តពោធិ៍សាត់ជូនចំពោះកងកម្លាំង កងការពារព្រំដែនលេខ៥០១ និងបានក្រើនរំលឹកដល់កងកម្លាំងជួរមុខទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានជាប់ជាប្រចាំ ព្រោះពេលនេះជារដូវត្រជាក់ ដែលងាយទទួលនូវជំងឺផ្សេងៗ ។ នៅក្នុងពិធីនោះដែរ ឯកឧត្ដម ខូយ រីដា បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ២០០ការ៉ុង មីជាតិ ១០០កេសតូច ស្រាបៀរគ្រុឌ ១០០កេស អាវរងា ១៤៤អាវ និងថវិកាចំនួន ៦,០០០,០០០រៀល ប្រគល់ជូនអង្គភាពផងដែរ ៕
