ឯកឧត្ដមស៊ុន ចាន់ថុល បង្ហាញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងត្រូវសាងសង់ក្នុងឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់

ភ្នំពេញ៖ បើទោះបីមកដល់ពេលបច្ចុប្បន្នផ្លូវ និងស្ពានជាច្រើន ត្រូវបានសាងសង់ ពង្រីក និងលើកម្ពស់គុណភាពយ៉ាងណាក្តី តែមិនទាន់បំពេញមហិច្ឆតា និងសេចក្តីត្រូវការរបស់កម្ពុជានៅឡើយនោះទេ។ មានគម្រោងផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវល្បឿនលឿន រួមទាំងផ្លូវទឹកផងដែរ ស្ថិតក្នុងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវសាងសង់ជា បន្តបន្ទាប់នៅក្នុងឆ្នាំ២០២៣ ជាពិសេសត្រូវសម្រេចក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវ និងស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដូចនេះដើម្បីបម្រើការដឹកជញ្ជូន និងអាចទាក់ទាញអ្នកវិនិយោគ ទាក់ទាញទេសចរណ៍បាន លុះត្រាតែមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រទាក់ក្រឡាគ្នាបានល្អ ទើបតម្លៃនៃការដឹកជញ្ជូន មានការថយចុះ និងអាចទាក់ទាញអ្នកវិនិយោគ មកដាក់ទុនថែមទៀត ដើម្បីឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន។
ឯកឧត្ដមក៏បានគូសបញ្ជាក់ថា ដើម្បីសម្រេចមហិច្ឆតាខាងលើនេះ បើទោះបីកម្ពុជា មានផ្លូវខ្វាត់ខ្វែងហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅគិតគួរទៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ដែលនឹងត្រូវសាងសង់ឡើង ជាបន្តបន្ទាប់។
បើតាមសម្ដីឯកឧត្ដមទេសរដ្ឋមន្ត្រី នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលនឹងត្រូវចាប់ផ្តើមសាងសង់នោះ មានដូចជា៖ ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ. ពង្រីកផ្លូវពីស្គន់ ទៅទីរួមខេត្តកំពង់ចាម. ស្ពានឆ្លងទន្លេ ភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ.បាវិត, ស្ពានមិត្តភាពកម្ពុជា.កូរ៉េខាងត្បូង ក្នុងរាជធានីភ្នំពេញ។
ក្រៅតែពីហេដ្ឋារចនាសម្ព័ន្ធខាងលើ រាជរដ្ឋាភិបាល ក៏មានគម្រោងកសាងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត រួមមាន៖ ផ្លូវត្រង់ពីបាត់ដំបង ទៅសៀមរាប. ផ្លូវត្រង់ពីកំពង់ធំ ទៅកំពង់ឆ្នាំង. ផ្លូវល្បឿនលឿនភ្នំពេញ.សៀមរាប. ផ្លូវរថភ្លើងល្បឿនលឿនបោយប៉ែត.ភ្នំពេញ- ក្រុងព្រះសីហនុ កំពុងសិក្សា. ផ្លូវរថភ្លើងល្បឿនលឿនបោយប៉ែត ទៅសៀមរាប ទៅកំពង់ធំ ទៅកំពង់ឆ្នាំង ទៅភ្នំពេញ តទៅបាវិត.ម៉ុកប៉ៃ ភ្ជាប់ទៅក្រុងហូជីមិញ។ ការជីកព្រែក ដើម្បីធ្វើការដឹកជញ្ជូនតាមផ្លូវទឹក តាមទន្លេបាសាក់ ភ្ជាប់ទៅសមុទ្រកម្ពុជា។
ហើយក្រសួងក៏បានសិក្សាផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស នៅក្នុងរាជធានីភ្នំពេញ ចប់សព្វគ្រប់ហើយដែរ និងកំពុងធ្វើរបាយការជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីធ្វើការជ្រើសរើស ប្រព័ន្ធផ្លូវរថភ្លើងណាមួយដែលល្អសម្រាប់រាជធានីភ្នំពេញ។
នេះបើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងផ្លូវតភ្ជាប់បាត់ដំបង.សៀមរាប. កំពង់ធំ.កំពង់ឆ្នាំង និងផ្លូវទឹកភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រ នឹងចាប់ផ្តើមក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា អាចលេចចេញជារូបរាងទៅបាន គឺពឹងផ្អែកជាសំខាន់លើសុខសន្តិភាព និងស្ថេរភាពនយោបាយ។ ក្នុងន័យនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវប្រជាពលរដ្ឋឱ្យរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដើម្បីទទួលបានសមិទ្ធផលដ៏មានសារៈសំខាន់ទាំងអស់នេះ៕
