ក្រុមការងារ ទ.ស.ប.ក បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រេចបានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ៖ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន (ទ.ស.ប.ក) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទ.ស.ប.ក ។
ឯកឧត្តមប្រធានក្រុមការងារ បានឱ្យដឹងទៀតថា ៖ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន (ទ.ស.ប.ក) នៅតែបន្តសកម្មភាពអនុវត្តកិច្ចការងាររបស់ខ្លួន ដោយនៅក្នុងឆ្នាំ២០២២នេះ មានករណីកម្មករនិយោជិតសន្លប់សរុបចំនួន ៨រោងចក្រ មានកម្មករនិយោជិតសរុបចំនួន ២៦៦នាក់ ស្រី ២២១នាក់ ដែលភាគច្រើននៃកម្មករនិយោជិត សន្លប់ដោយផ្តើមចេញពីកម្មករនិយោជិតសន្លប់ម្នាក់ ឬពីរនាក់ប៉ុណ្ណោះ បន្ទាប់មកមានកម្មករនិយោជិតបានសន្លប់តៗគ្នា ដែលគេហៅថាជាជំងឺស្នេហ៍ហ្វូង។
ឯកឧត្តមប្រធានក្រុមការងារបានបន្ថែមថា៖ ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងបង្កើនស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តនាឆ្នាំ២០២៣ ខាងមុខនេះ ក្រុមការងារ ទ.ស.ប.ក បានរៀបចំ “ផែនការសកម្មភាពការងារ” ដើម្បីធ្វើការសិក្សារកមូលហេតុករណីកម្មករនិយោជិតសន្លប់ និងបង្ការហានិភ័យការងារនៅកន្លែងធ្វើការ។
យោងតាមរបាយការណ៍របស់ ក្រុមការងារ ទ.ស.ប.ក បានបង្ហាញឱ្យឃើញថា៖ តាមរយៈការសិក្សាស្រាវជ្រាវទៅលើករណីកម្មករនិយោជិតដួលសន្លប់កន្លងមក ឃើញថាមូលហេតុចម្បងៗដែលបណ្តាលឱ្យមានករណីសន្លប់កើតមានឡើងគឺបណ្តាលមកពី (១). បញ្ហាគីមី (២). បញ្ហារូបសាស្រ្ត (៣). បញ្ហាជីវសាស្ត្រ (៤). បញ្ហាចិត្តសាស្រ្តសង្គម (៥). បញ្ហាមេកានិច (៦). បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ និង (៧). បញ្ហាការងារបន្ថែមម៉ោងជាដើម។
ក្នុងចំណោមបញ្ហាទាំងអស់ ដែលក្រុមការងារបានស្វែងរកឃើញខាងលើនេះ គឺបញ្ហាចិត្តសាស្ត្រសង្គម បញ្ហាគីមី និងបញ្ហាជីវសាស្រ្ត មានភាគរយខ្ពស់ជាងគេ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីឯកឧត្តម លោក លោកស្រី ជាសមាជិកសរុបប្រមាណជាង ១០រូប ៕
