ឯកឧត្តម ស សុខា ជួបសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតមន្ត្រីនគរបាល ក្នុងខេត្តបន្ទាយមានជ័យ ៦០៨នាក់

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ធ្នូបានរៀបចំពិធី សំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតជាមន្ត្រីនគរបាល ក្នុងខេត្តបន្ទាយមានជ័យ ចំនួន៦០៨នាក់។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមនជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ និងលោកមេបញ្ជាវរសេនាតូចនគរបាលការពារព្រំដែនទាំង៤។
គោលបំណងនៃការប្រារព្ធពិធីនេះ ឡើងគឺដើម្បីជាការគោរពដឹងគុណ អំពីគំរូវីរភាព ស្នាដៃកសាងគុណបំណាច់ ភាពជោគជ័យជាច្រើន ដែលបានបន្សល់ទុកពី លោកអ៊ុំ លោកពូ អ្នកមីង អតីតថ្នាក់ដឹកនាំ មន្ត្រីនគរបាលចូលនិវត្តន៍។ ជាការផ្សាភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំជំនាន់មុន និងយុវជនបន្តវេន ជំនាន់ក្រោយ ឲ្យរឹតតែស្អិតរមួត មិនទុកឲ្យបងប្អូនអតីតមន្ត្តី្រនគរបាល រស់នៅមានអារម្មណ៍មិនឯកោ សុខកាយ សប្បាយចិត្ត មានអាយុវែង មិនភ័យព្រួយអំពីជីវភាព ក្រោយពេលចូលនិវត្តន៍។
ក្រោយពិធីសំណេះសំណាល គណៈអធិបតីក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ ចែកជូនដល់អតីតមន្ត្រីនគរបាលចូលនិវត្តន៍ (និវត្តជន) ចំនួន៦០៨នាក់ រួមមាន ថវិការ៥ម៉ឺនរៀល អង្ក១ការ៉ុង ទម្ងន់២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ មានភួយ១ សារ៉ុង១ ក្រម៉ា១ និងបានធ្វើពិធីជប់លៀងញាំបាយសាមគ្គី ចំនួន៦៥តុ៕
