សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឈ្វេងយល់ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២០០រូប លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានប្រសាសថា ទំនើបកម្មសង្គមនិយមតាមបែបផែនចិនគឺជាការទំនើបកម្មសង្គមនិយមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន វាមិនត្រឹមតែមានលក្ខណៈទូទៅនៃទំនើបកម្មតាមបណ្តាប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្អែកទៅលើលក្ខណៈជាតិរបស់ចិនផងដែរ។ ទំនើបកម្មនេះបានពង្រីកមាគ៌ារីកចម្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធ្វើទំនើបកម្ម ផ្តល់ជម្រើសថ្មីសម្រាប់ប្រទេសនិងប្រជាជាតិនានាក្នុងពិភពលោកដែលចង់ពន្លឿនការអភិវឌ្ឍ និងរក្សាឯករាជ្យភាពរបស់ពួកគេ ហើយក៏ជាការរួមចំណែកដ៏សកម្មនិងសំខាន់របស់ចិននៅក្នុងការចូលរួមដោះស្រាយបញ្ហានានារបស់មនុស្សជាតិផងដែរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចយ៉ាងច្បាស់ពីខ្លឹមសារនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយផ្តោតលើជីវភាពរស់នៅនិងសុខដុមនីយកម្មរបស់ប្រជាជនជាអាទិភាព។ លោកបណ្ឌិតក៏បានផ្តល់នូវទឡ្ហីករណ៍ដោយដកប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ធ្លាប់បានពោលថា «ស្រឡាញ់ប្រជាជនដូចជាលោកស្រឡាញ់ឳពុកម្តាយរបស់ខ្លួនអញ្ចឹង» ហើយជាលទ្ធផលការប្រយុទ្ធប្រឆាំងចុងក្រោយរបស់ចិននឹងភាពក្រីក្រ បានទទួលជ័យជម្នះពេញលេញ បើទោះបីជាមានការលំបាកខ្លាំងក្នុងការទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីត-១៩ក៏ដោយ។ ប្រទេសចិនសម្រេចបាននូវការគ្រប់គ្រងការរីករាលដាលជំងឺកូវីដដែលចំនួនអ្នកឆ្លង ចំនួនអ្នកជំងឺធ្ងន់ធ្ងរ និងចំនួនការស្លាប់រក្សាបានក្នុងកម្រិតទាប។ នៅលើមូលដ្ឋានដ៏រឹងមាំនេះដែលសម្រេចបាននាពេលកន្លងមក ប្រទេសចិនបាននិងកំពុងបន្តសរសេរទំព័រប្រវត្តិសាស្រ្តថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបកម្មដ៏ពេញលេញក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលបានរចនាប្រទេសចិនទៅជាប្រទេសដែលពោរពេញដោយសុខសន្តិភាពយូរអង្វែង។ សមាជបក្សកុម្មុយនិស្តចិនលើកទី២០បានគូសរំលេចបន្ថែមទៀតថា ចិនជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ជាប្រទេសដែលឈរលើគោលការណ៍នីតិរដ្ឋ ប្រឆាំងរាល់គ្រប់ទម្រង់នៃអំពើពុករលួយ និងជាប្រទេសដែលបានដឹកនាំកម្លាំងក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិដោយផ្តោតលើកំណើនសេដ្ឋកិច្ច។ ដោយផ្តល់នូវទឡ្ហីករណ៍តាមរយៈខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ Xi Jinping៖ អភិបាលកិច្ចប្រទេសចិន ភាគ៤ លោកបណ្ឌិតថ្លែងដោយឥតលាក់លៀមថា ទំនើបកម្មសង្គមនិយមតាមបែបផែនចិនមិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនទទួលបាននូវជីវភាពសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំកាន់តែធំនៃនំខេកជូនដល់មនុស្សជាតិទូទៅ។
ក្នុងនាមឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកបណ្ឌិត ជីង ឆោមមុន្នី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានគូសរំលេចនូវសមិទ្ធផលនៃទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនចិនដោយផ្តល់ឧទាហរណ៍បញ្ជាក់ពីការជួសជុលប្រាសាទតាកែវ និងបណ្តាប្រាង្គប្រាសាទនានានៅខេត្តសៀមរាប ការចូលរួមលើកទឹកចិត្តដល់វិនិយោគិន ទេសចរជនជាតិចិនកាន់តែច្រើនមកចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា គឺជាសក្ខីភាពដែលឥតប្រកែកបាននូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ ដោយឡែកតាមរយៈអង្គបាឋកថានាថ្ងៃនេះ លោកបណ្ឌិតក៏បានយល់ដឹងយ៉ាងច្បាស់និងកាន់តែស៊ីជម្រៅពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ក្នុងជំហានប្រកបដោយទំនុកចិត្តឆ្ពោះទៅរកគោលដៅតស៊ូ១០០ឆ្នាំ ទីពីរ ក្នុងការកសាងប្រទេសសង្គមនិយមទំនើបកម្មដ៏ពេញលេញ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)
