សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលចង់កម្ចាត់ [ត្រកូលហ៊ុន] ៥០០ជាតិទៅមុខក៏ មិនទាន់ធ្វើអ្វីបានផង

បែលហ្សិក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីក្រុមអ្នកប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុន។ សម្តេចបានលើកឡើងថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា៥០០ជាតិទៀត មិនទាន់ធ្វើអ្វីសម្តេចបានផង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ [ពួកអ្នកដទៃនោះ គេគិតពីអី គេចង់បានអ្វីពីយើងពិតប្រាកដ។ តើត្រូវកម្ចាត់ត្រកូល ហ៊ុន ឱ្យទាល់តែបានទើបអ្នកឯងសប្បាយចិត្តឬ? ចាំទៅ ៥០០ជាតិទៀត អ្នកឯងមិនទាន់ធ្វើអីខ្ញុំបានទេ ប្រាប់ឱ្យហើយ]។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា អ្នកដែលដាក់ចេញគោលនយោបាយកម្ចាត់ត្រកូលហ៊ុន ដោយសារតែគ្មានលទ្ធភាពក្នុងការតតាំងជាមួយសម្តេច។ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន មិនចាត់ទុកថា អ្នកដែលវាយប្រហារលើត្រកូលហ៊ុនបែបនេះ ជាមនុស្សល្ងង់នោះទេ ប៉ុន្តែគេអាចបន្តឆ្លាតបែបនេះបន្តទៀតបាន។។
