ឃាត់ខ្លួនក្មេងទំនើង ២នាក់ ករណីដេញវាយគ្នាតាមផ្លូវទីសាធារណៈ នៅក្រុងពោធិ៍សាត់

ភ្នំពេញ៖ កាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី មានករណីក្មេងទំនើងដេញវាយគ្នាតាមផ្លូវទីសាធារណៈ នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាមតេយ្យខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងដេញវាយគ្នានៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ នឹងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទី១-ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកបើកម៉ូតូ) ទី២-ឈ្មោះ ស៊ីម គុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(អ្នកកាន់បំពង់ទីប) នឹងដកហូតវត្ថុតាងរួមមាន៖ -ដែកទីបចំនួន០១ដើម
-ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំការដោះស្រាយតាមនីតិវិធី៕
