រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការរៀបចំកសាងផែនការ អភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ-សង្កាត់

ភ្នំពេញ៖ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការរៀបចំកសាងផែនការ អភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ-សង្កាត់ មានការចូលរួមពីសំណាក មន្ត្រីរាជការសាលាខត្ត លោក-លោកស្រី ប្រធាន អនុប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន មកពីក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក លី សុវណ្ណារិទ្ធិ លើកឡើងថា ៖ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង សមត្ថភាព និងជំនាញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ឱ្យបានជ្រាបអំពីការ រៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (CIP) ដែលជាឯកសារគោល ដ៏មានសារសំខាន់ និងដើម្បីប្រើប្រាស់ជាឯកសារសម្រាប់តម្រង់ទិសក្នុងការដោះស្រាយនូវបញ្ហានានានៅមូលដ្ឋាន និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន។
លោក អភិបាលរងខេត្ត បន្តថា ៖ វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលមួយដ៏មានសារសំខាន់ ដែលតម្រូវឲ្យ លោក លោកស្រី ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអ្នកទទួលខុសត្រូវក្នុងនាមតំណាងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន យកចិត្តទុកដាក់ពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ដើម្បីរួមគ្នាកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រនានា និងដើម្បីរៀបចំក្របខណ្ឌអភិវឌ្ឍន៍សម្រាប់រយៈ ពេល៥ឆ្នាំ សម្រាប់ក្រុមប្រឹក្សាអាណត្តិទី៥នេះ ឱ្យបានគ្រប់ជ្រុងជ្រោយ៕
