ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ចំនួនជាង ២ពាន់នាក់

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ចំនួនជាង ២ពាន់នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី ស្ថិតនៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងប្រតិភូអមដំណើរទាំងអស់ដែលបានឆ្លៀតឱកាសដ៏មមាញឹក និង មានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាពេលនេះ។
សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរាជការ ព្រមទាំងលោកគ្រូ អ្នកគ្រូ និស្សិត នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងអាណាព្យាបាលទាំងអស់ សូមគោរពជូនពរ សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ សូមឲ្យមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ជាតិមាតុភូមិ អោយមានភាពរុងរឿង និង រីកចម្រើនតរៀងទៅ៕
