សម្ដេចតេជោ៖ ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់លោកជំទាវ ជេស៊ីនដា អារដឺន (Jacinda Ardern) នាយករដ្ឋមន្ត្រីនូវែលសេឡង់ ថាការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន ។
ក្នុងជំនួបពិភាក្សាទ្វេភាគី កាលពីថ្ងៃទី១៣ វិច្ឆិកា នាយករដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញការអនុវត្តនៃការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន។
សម្តេចតរជោ បានបញ្ជាក់ពីជំហររបស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែង ដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានលើកឡើងជាថ្មី នូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ របស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យ ឬមានវត្តមានមូលដ្ឋានកងទ័ពបរទេស នៅលើទឹកដីកម្ពុជា ៕
