កម្ពុជា ស្នើអូស្ដ្រាលី បន្ដផ្ដល់ជំនួយលើការបោសសំអាតមីន ដើម្បីសម្រេចគោលដៅ (កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យបន្ដផ្ដល់ជំនួយលើការបោសសំអាតមីន ដើម្បីជួយកម្ពុជាសម្រេចនូវគោលដៅ (កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥)។
សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក Anthony Albanese នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញមកចូលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ បានស្នើដល់ប្រទេសអូស្ត្រាលីឲ្យនៅតែបន្តផ្តល់ជំនួយ លើផ្នែកបោសសំអាតមីន ដើម្បីជួយប្រទេសកម្ពុជាសម្រេចបាននូវគោលដៅ (កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥)។
សូមបញ្ជាក់ពីរឿងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលប្រទេសអូស្រ្ដាលី សម្រាប់ការរួមចំណែកដល់ដំណើរការសន្តិភាព និងការផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច.សង្គមនៅប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យ. អប់រំ .កសិកម្ម .ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ចំនួនប្រមាណ ជិត៣លានដូស និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗ។
គូសបញ្ជាក់ផងដែលថា សម្រាប់វិស័យសកម្មភាពមីននៅប្រទេសកម្ពុជា ប្រទេសអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ ដែលបានបរិច្ចាគថវិកាប្រមាណជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ នេះជាទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី រួមជាមួយម្ចាស់ជំនួយផ្សេងទៀត ក៏បានចូលរួមជួយសង្រ្គោះដល់អាយុជីវិតប្រជាជនកម្ពុជាជាច្រើននិងកាត់បន្ថយផ្ទៃដីដែលមានការគម្រាមកំហែងដោយសារមីន។ ។
