សម្តេចតេជោ ប្រាប់ប្រធានាធិបតីហ្វីលីពីនថា ក្រុមហ៊ុនហ្វីលីពីន អាចឲ្យកសិករកម្ពុជា ដាំដុះដំណាំស្រូវ ជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅហ្វីលីពីន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន ថាក្រុមហ៊ុនហ្វីលីពីន អាចឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីន ។
នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។
ក្នុងជំនួបនោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណា រក្សាឲ្យបាននូវសាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។ ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និងវិស័យការពារជាតិ។
ពាក់ព័ន្ធនឹងការនាំអង្ករចេញទៅប្រទេសហ្វីលីពីន សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ថា ក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគ 100% លើម៉ាស៊ីនកិនស្រូវ , ឡសំងួត និងឃ្លាំង សម្រាប់ប្រមូលទិញស្រូវ ដើម្បីធ្វើការសម្ងួតនិងកិននាំចេញទៅប្រទេសហ្វីលីពីន ។ លើសពីនេះ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីនផងដែរ៕
