នគរបាលជំនាញកំពុងជម្រុញធ្វើអត្តសញ្ញាណប័ណ្ណហួសសុពលភាពជូនពលរដ្ឋជាង៥ម៉ឺននាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យកំពុងជម្រុញធ្វើអត្តសញ្ញាណប័ណ្ណថ្មីផ្តល់ជូនដល់ប្រជាពលរដ្ឋជាង៥ម៉ឺននាក់ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពដើម្បីអោយបានអត្តសញ្ញាណប័ណ្ណថ្មីប្រើប្រាស់និងយកទៅបោះឆ្នោតនាឆ្នាំ២០២៣ ខាងមុខនេះ។
ទន្ទឹមនឹងការជម្រុញផ្តល់អត្តសញ្ញាណប័ណ្ណនេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានផ្សព្វផ្សាយនិងអំពាវនាវអោយប្រជាពលរដ្ឋនិងយុវជនដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរបាត់ ឬខូចអស់សុពលភាពនិងអ្នកមានអាយុ១៥ឆ្នាំ ឡើងសូមមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីដើម្បីយកទៅប្រើប្រាស់។
លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម បានអោយដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថាអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការិយាល័យជំនាញបានធ្វើផ្សព្វផ្សាយដល់អធិការនគរបាលស្រុក-ក្រុងនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណនៅរយៈពេល៩០ថ្ងៃទៀតហួសសុពលភាពឬក៏ហួសសុពលភាព មកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មីអោយបានទាន់ពេលបោះឆ្នោតខាងមុខនាឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យដែលយើងមានទិន្នន័យក្នុងដៃស្តីពីអត្តសញ្ញាណប័ណ្ណមានពលរដ្ឋជាង៥ម៉ឺននាក់កំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណហួសសុពលភាពហើយមួយរយៈនេះយើងបានធ្វើផ្តល់ជូនពួកគាត់គិកត្រឹមខែកញ្ញាឆ្នាំ២០២២នេះ បានជិត៣ពាន់នាក់បានយកទៅប្រើប្រាស់ ។ពេលនេះជំនាញ ការិយាល័យ ក៏ដូចជាក្រុង ស្រុក កំពុងជម្រុញធ្វើជូនពួកគាត់ ព្រោះយើងមានបញ្ជីឈ្មោះអស់ហើយ។ម្យ៉ាងទៀតជំនាញក៏មានគោលការណ៍ ផ្សព្វផ្សាយនឹងចុះដល់មូលដ្ឋានប្រមូលពួកគាត់នៅមូលដ្ឋានជូនពួកគាត់តែម្តង។
ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ចំពោះអ្នកហួសសុពលភាពបើមិនមានការកែប្រែអ្វីគឺយកតែអត្តសញ្ញាណប័ណ្ណចាស់នោះបានហើយ ប៉ុន្តែបើអ្នកធ្វើថ្មីតម្រូវអោយមានសំបុត្រកំណើតនិងសៀវភៅគ្រួសារ។
ចំណែកអត្តសញ្ញណប័ណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ពីការបាត់ខូចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ វាមានសារៈប្រយោជន៍ណាស់ចំពោះ ប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើជាឯកសារផ្សេងៗពិសេសចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

