ឯកឧត្តម ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពចូលរួម ចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័ន បណ្តុះបណ្តាលសហគ្រិនភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាល សហគ្រិនភាពដែលមានទស្សនវិស័យ និងបេសកកម្មប្រកបដោយគុណតម្លៃជាក់ស្តែង ពោលគឺ ការកសាង និងការពង្រឹងសមត្ថភាព អ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ ។
ក្នុងកម្មវិធីរាត្រីសមោសរ ជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្របនឹងឱកាសនៃការប្រារព្ធខួបទី ១៣ ឆ្នាំ នៃការបង្កើត CEO Master Club, សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលសហគ្រិនភាពដែលមានទស្សនវិស័យ និងបេសកកម្មប្រកបដោយគុណតម្លៃជាក់ស្តែង ពោលគឺ ការកសាង និងការពង្រឹងសមត្ថភាព អ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ, គ្រប់គ្រង និងចាត់ចែងសា្ថប័នអាជីវកម្មពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារអន្តរជាតិ ដោយធានាបាននូវវឌ្ឍនភាពអាជីវកម្មប្រសើររឹងមាំ និងលឿនឆ្ពោះទៅមុខ ព្រមជាមួយនឹងការជួយបង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន-សហគ្រាសកម្ពុជានៅលើទីឆាកអន្តរជាតិ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអបអរសាទរដល់ជ័យលាភី CEO Master Club ឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ប្រកបដោយសាមគ្គីភាព និងភាតរភាព ព្រមទាំងបានប្រើប្រាស់ និងអនុវត្តជាក់ស្តែងនូវចំណេះដឹង និងចំណេះធ្វើ ទទួលបានពីវគ្គបណ្តុះបណ្តាលនានារបស់ CEO Master Club សម្រាប់ការដឹកនាំ, គ្រប់គ្រង និងចាត់ចែងអាជីវកម្មរបស់ខ្លួន រហូតទទួលបាននូវវឌ្ឍនភាព, វិបុលភាព និងជោគជ័យដ៏គួរឱ្យកត់សម្គាល់ ៕

