ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុខ សាវ៉ាន់ ប្រធានការិយាល័យគណបក្សស្រុកបាទី

ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកបាទី ជាច្រើនកុះករ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោក សុខ សាវ៉ាន់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានការិយាល័យគណបក្សស្រុកបាទី ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ ៨៤ឆ្នាំ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាន ភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
មានប្រសាសន៍ចូលរួមរំលែកទុក្ខ នាឱកាសនោះដែរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា មរណ:ភាពរបស់លោក សុខ សាវ៉ាន់ នាពេលនេះ គឺជាការបាត់បង់ថ្នាក់ដឹកនាំ ដែលជាធនធានមនុស្សជាបញ្ញាជន ដ៏សំខាន់មួយរូប ដែលលោកតែងតែបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ប្រកបដោយឆន្ទ:ខ្ពស់ក្នុងការជួយអភិវឌ្ឍន៍មូលដ្ឋានស្រុក ឃុំ និងការងារសង្គមផ្សេងៗ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
បន្ថែមពីនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា និង ឯកឧត្តម អភិបាលខេត្ត ក៏សូមចូលរួមរំលែកនូវមរណទុក្ខដ៏សោកសង្រេង និងសោកស្ដាយក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ នៃសព ហើយសូមឧទ្ទិស បួងសួង សូមឱ្យវិញ្ញាណក្ខន្ធ លោក សា វ៉ាន់ បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

