សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការចែកស្រូវពូជ មិនបែងចែកដីតូច ឬធំនោះទេ គឺចែកស្មើៗគ្នា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការចែកស្រូវពូជមិនបានបែងចែកដីតូច ឬធំនោះទេ គឺចែក ១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នា។
ក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករប្រមាណ ៥.១៤៥គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយរំពឹងថា អ្នកដែលមានដីតូច ពេលសល់ស្រូវពូជ ក៏អាចចែករំលែកទៅឲ្យអ្នកមានដីធំ ។
សម្តេចតេជោ បញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ បានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា តំបន់ និងពិភពលោក ។ សម្តេចថា ការដោះស្រាយស្បៀង ជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករ ជាដំណោះស្រាយរយៈពេលវែង ។ សម្តេចតេជោរំពឹងថា ប្រជាកសិករនឹងប្រឹងប្រែង បង្កបង្កើនផលឡើងវិញ បន្ទាប់ពីបានស្រូវពូជ ៕
