សម្តេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញអាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធិភាព។
នៅក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១១០៧ នាក់ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្តនិងទាក់ទាញការវិនិយោគថ្មីៗជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។
ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏សុំអោយអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។
សម្ដេចតេជោក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសជិតខាងអោយបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍ ខេត្តបន្ទាយមានជ័យអោយកាន់តែរីកលូតលាស់រីកចមម្រើនទៅមុខទៀត៕

