ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីពិនិត្យ និងពិភាក្សាលើ៖
១)ជំហររបស់កម្ពុជាសម្រាប់សន្និសីទកំពូលនៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៧ (COP-27) និងសន្និសីទកំពូលនៃរដ្ឋភាគីលើកទី១៥ (UNCBD COP-15) នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។
២) វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS)។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម និងលោកជំទាវជាតំណាងនៃក្រសួងស្ថាប័ន ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអ្នកពាក់ព័ន្ធ សរុបចំនួនប្រមាណជា៦០រូប៕

