សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់រដ្ឋបាលខេត្តកណ្តាល ជាតំណាងចុះតាមខ្នងផ្ទះគ្រួសារសពទាំង ១១នាក់

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន១១ខ្នងផ្ទះ ដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពទាំង ១១នាក់ និងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសពក្នុង ១គ្រួសារ ២០,០០០,០០០រៀល (ម្ភៃលានរៀល)។

ដោយឡែក លោកជំទាវ ឃួន សុដារី ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង ១សព និង ឯកឧត្តម ហេង រតនា ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង ១សព។
ដោយឡែក ជនរងគ្រោះ ៣នាក់ ដែលបានបាត់ខ្លួន កម្លាំងចម្រុះកំពុងតែខិតខំប្រឹងប្រែង រុករកស្រាវជ្រាវបន្តទៀត ៕

