ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ត្រីនគរបាលយុត្តិធម៌ ទាំងអស់មានតួនាទីសំខាន់ ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានា ក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ ទាំងអស់មានតួនាទីសំខាន់ ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានា ក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។

ការថ្លែងរបស់ឯកឧត្ដម នេត្រ ភក្ត្រា បែបនេះធ្វើឡើង ក្នុងវគ្គបណ្តុះបណ្តាលអំពី គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែល ពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ចំនួន ៩១ រូបមកពីមន្ទីរបរិស្ថានខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាថ្ងៃទី៥ តុលានេះ ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួម យ៉ាងសកម្មជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍ របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃ ការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់ ៕

