សម្ដេចតេជោ ហ៊ុន សែន សម្រេចរក្សាទុកវត្តអារាមទាំង៣៥ ដែលមានស្រាប់នៅក្នុងទីតាំងរមណីយដ្ឋានអង្គរ ប៉ុន្តែហាមសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាសនាថ្មីបន្ថែម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចរក្សាទុកវត្តអារាមទាំង៣៥ ដែលមានស្រាប់នៅក្នុងទីតាំងរមណីយដ្ឋានអង្គរ ប៉ុន្តែហាមសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាសនាថ្មីបន្ថែម ដូចជា កសាងវត្តខាងព្រះពុទ្ធសាសនា វិហារឥស្លាម វិហារគ្រិស្ដ វិហារចិន អាស្រម ខ្ទមអ្នកតា រូបចម្លាក់ ឬទីកន្លែងជំនឿផ្សេងៗ ជាដើម ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២ពាន់គ្រួសារ ដែលបានស្ម័គ្រចិត្តផ្លាស់ទីពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចតេជោមិនឱ្យរុះរើទីវត្តអារាម នៅក្នុងតំបន់រមណីយដ្ឋានអង្គរទៅកន្លែងផ្សេងនោះឡើយ ពោលគឺសម្ដេចតេជោសម្រេចរក្សាវត្តអារាមដែលបានបង្កើតពីមុនមកហើយនោះឱ្យបន្តនៅដដែល ខណៈវត្តអារាមខ្លះគឺត្រូវបានបង្កើតឡើងរាប់រយឆ្នាំមកហើយនោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅកាន់ទីអារាមទាំង៣៥វត្តនេះ កុំឱ្យសាសង់ហេដ្ឋារចនាសម្ព័នសាសនាថ្មីបន្ថែម ដូចជា ចេតិយ ឬការពង្រីកចេតិយ ផ្នូរបញ្ចុះសព។ល។ ដែលករណីនេះលើកលែង គឺអនុញ្ញាតសម្រាប់តែព្រះគ្រូចៅអធិការ ព្រះគ្រូសូត្រឆ្វេង ឬគ្រូសូត្រស្ដាំ ឬព្រះសង្ឃដែលគង់ក្នុងវត្តទាំងនោះតែប៉ុណ្ណោះ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានដាក់បទបញ្ជាទៅកាន់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបត្រូវទទួលខុសត្រូវការងារនេះ ចំពោះមុខរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះសម្ដេចនាយករដ្ឋមន្ត្រី និងចំពោះរាជរដ្ឋាភិបាល ដោយចូលរួមសហការត្រួតពិនិត្យការងារនេះប្រកបដោយប្រសិទ្ធភាពផងដែរ។
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋជំហានទីពីរ ចំនួន ២ ៨៥៣ គ្រួសារ បានសម្រេចចិត្តផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ចំពោះលទ្ធផលការងាររបស់ក្រុមតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា គិតពីពេលចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ក្រុមការងារតម្រង់ទិសបានបញ្ចប់ការងារវាស់វែងក្បាលដី និងស្រង់ព័ត៌មាន កាន់កាប់ក្បាលដីនៅភូមិគោលដៅ ទាំង១១៤ភូមិ ក្នុងឃុំ សង្កាត់ចំនួន ២៤ និងស្រុក ក្រុងចំនួន ៥ ដោយវាស់វែងក្បាលដីសរុបបាន ៩៧ ៨៥៥ ក្បាលដី ទំហំ ២៩ ១៧៤ ហិកតា។ រីឯទីតាំងវត្តអារាមក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួន ៣៥ ក្នុងនោះ វត្តអារាមតាំងពីបុរាណកាលចំនួន១៤វត្ត និងវត្តអារាមដែលបានកសាងក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ចំនួន ២១ វត្ត។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា សរុបប្រជាពលរដ្ឋដែលបានដែលបានសម្រេចចិត្តផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិកធម្មជាតិរុនតាឯក មកដល់ពេលនេះមានចំនួន សរុប ៣ ៩៧០ គ្រួសារ ក្នុងនោះជំហានទីមួយ មានចំនួន ១ ១១៧គ្រួសារ និងជំហានទីពីរ មានចំនួន ២ ៨៥៣ គ្រួសារ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមការក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរ ផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ៕ ប្រភព៖ ក្រសួងព័ត៌មាន
