ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម ងួន រតនៈ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអម ដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀងដែលជន់លិចបង្កឲ្យមានផលប៉ះពាល់ ដល់ហេដ្ឋា រចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗ និងលិចលង់ខូចខាតដំណាំស្រូវនៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ និងភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
អាជ្ញាធរដែនដីស្រុកសណ្តាន់ បានរាយការណ៍បញ្ជាក់ថា នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី១០សង់ទីម៉ែត្រ ទៅ២០សង់ទីម៉ែត្រ ដែលមាន ប្រវែងប្រមាណជាង៤០០ម៉ែត្រ និងខូចខាតដំណាំស្រូវជាច្រើនហិតាផងដែរ ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបានបន្តអញ្ជើញទៅត្រួតពិនិត្យជំនន់ទឹកភ្លៀង នៅភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ។

អាជ្ញាធរដែនដីស្រុកប្រាសាទសំបូរ បានរាយការណ៍ថា ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី២០ សង់ទីម៉ែត្រ ទៅ៣០ សង់ទីម៉ែត្រ មានប្រវែងប្រមាណជាង៨០ម៉ែត្រ និងខូចខាត ដំណាំស្រូវ ជាច្រើនហិតាទៀតផង។
នៅក្នុងឱកាសចុះត្រួតពិនិត្យជំនន់ទឹកភ្លៀងនៅស្រុកសណ្តាន់និងស្រុកប្រាសាទសំបូរ ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការសោកស្តាយចំពោះ ការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានបង្ករការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាជនយើង ។
ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែលអាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្នសិន ទម្រាំទឹកស្រកចាំវឹលត្រឡប់ទៅកាន់លំនៅឋានវិញ និងត្រូវចាត់ចែងកងកម្លំាងការពារសន្តិសុខសុវត្ថិភាព ជូនពួកគាត់ឲ្យបាល្អ ៕

