ឧត្តមសេនីយ៍ឯក ឡុង ហាបាណា ទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ថាតឆៃ ភីតានីឡាប៊ូត ប្រធានបណ្ឌិតសភានគរបាលថៃ

ភ្នំពេញ៖ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថាតឆៃ ភីតានីឡាប៊ូត ប្រធានបណ្ឌិតសភានគរបាលថៃ និងគណៈប្រតិភូនគរបាលថៃ អមដំណើរចំនួន៥រូប។
ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គស្នងការនគរបាលជាតិថៃ និងបានផ្តោតសំខាន់ទៅលើទំនាក់ទងកិច្ចសហប្រតិបត្តិការ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកលើការអនុវត្តច្បាប់ ដើម្បីរួមគ្នាឈានទៅប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថាតឆៃ ភីតានីឡាប៊ូត តំណាងប្រតិភូថៃ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងសង្ឃឹមថា អង្គភាពទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត។ គណៈប្រតិភូថៃ ក៏បានគោរពអញ្ជើញគណៈប្រតិភូអគ្គនាយកអន្តោប្រវេសន៍កម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ ឬក្រៅផ្លូវការ ដើម្បីបន្តផ្លាស់ប្តូរបទពិសោធន៍ការងារ និងរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ៕

