កងកម្លាំង កងពលតូចថ្មើរជើងលេខ៥៣ បន្តជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈជំនន់ទឹកភ្លៀងបន្តឡើងខ្លាំង

ភ្នំពេញ៖ វរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
បានបន្តដឹកនាំកម្លាំងអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្ថិតនៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
វរសេនីយ៍ត្រី ម៉ែន ម៉ូលី បានរាយការណ៍ថា រហូតមកដល់ពេលនេះ ទឹកជំនន់នៅតែបន្តឡើងខ្លាំងគួរឱ្យកត់សម្គាល់។
លោកបន្តថា ទឹកជន់ហូរកាន់តែឡើងខ្លាំងរហូតលិចផ្លូវចូលទីបញ្ជាវរសេនាតូច និងលិចផ្ទះសម្បែងប្រជាពលរដ្ឋ។ លោកបានត្រៀមកម្លាំងចល័តអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង និងបញ្ជូនកម្លាំងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ តាមបទបញ្ជា ឯកឧត្តម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដោយមិនធ្វេសប្រហែសឡើយ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បានជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១០គ្រួសារទៀត ដែលមានចំនួន៣២នាក់ ស្រីចំនួន៧នាក់ ក្នុងនោះក្មេងចំនួន១៧នាក់៕
