សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមក្នុងពិធីបុណ្យសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី ជប៉ុន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រី ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងកម្ពុជា។
នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្ដម ឯកឧត្ដមបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។
ឯកឧត្តមត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងជួបជាមួយសមភាគីបរទេសរបស់សម្ដេច និងទទួលការជួបសម្តែងការគួរសមពីសំណាក់ឥស្សរជន៕
