ប្រតិបត្តិករបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអនុវត្តបោសសម្អាតមីន តាមស្តង់ដាត្រឹមត្រូវ និងមានសុវត្ថិភាព

ត្បួងឃ្មុំ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជា ឯកឧត្តម ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ថា “ប្រតិបត្តិករបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិរក្សា (NPMEC) បានអនុវត្តបោសសម្អាតមីន តាមស្តង់ដាត្រឹមត្រូវ និងមានសុវត្ថិភាព”។
ឯកឧត្តម អះអាងដូច្នេះ ក្នុងឱកាលដែលឯកឧត្តម បានដឹកនាំក្រុមការងារនាយកដ្ឋាន R&M ចុះត្រួតពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីន/គ្រាប់ ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាមីន «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម» ក្នុងភូមិបេង ឃុំដារ និងភូមិថ្មតាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ដល់ថ្ងៃ២៤ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តម ឈីវ លីម បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យនៃCMAA សង្កេតឃើញថា ប្រតិបត្តិករបោសសម្អាតមីនNPMEC -ការបែងចែកកម្លាំងបោសសម្អាតបានត្រឹមត្រូវ -ការអនុវត្តសកម្មភាពបោសសម្អាតមីនរបស់បុគ្គលិកមានលក្ខណៈត្រឹមត្រូវ -ឧបករណ៍សម្រាប់ការបោសសម្អាតមានគ្រប់គ្រាន់ -បានគិតគូរពីការថែទាំ និងបានយកចិត្តទុកដាក់លើសុខមាលភាពរបស់បុគ្គលិកបានល្អ -បានសហការទំនាក់ទំនងល្អជាមួយសហគមន៍ និងបានសិក្សាពីស្ថានភាពចម្ការមីន/គ្រាប់។
សូមបញ្ជាក់ឱ្យដឹងដែរ ប្រតិបត្តិករបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ទោ វិន ឌី ធ្វើការបោសសម្អាតមីន នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលមានចែកចែកជាច្រើនក្រុម នៅតាមចម្ការមីន នានា ក្នុងតំបន់ដែលមានមីន ក្នុងខេត្តត្បូងឃ្មុំ៕

