លោក ដូណាល់ ត្រាំ លើកឡើងពីលទ្ធភាពដែលអារ៉ាប៊ីសាអូឌីតនឹងយល់ព្រមភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយអ៉ីស្រាអែល

ឌូបៃ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតពីលទ្ធភាពដែលអារ៉ាប៊ីសាអូឌីតនឹងយល់ព្រមភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយអ៉ីស្រាអែល ប៉ុន្តែ ក្រុមអ្នកជំនាញយល់ថារឿងបែបនេះទំនងជានឹងមិនអាចកើតឡើងទេ នៅពេលព្រះអង្គម្ចាស់រជ្ជទាយាទមហាំម៉ាត់ ប៊ីន សាល់ម៉ាន ធ្វើទស្សនកិច្ចទៅកាន់សេតវិមាននៅក្នុងខែវិច្ឆិកានេះ។
ការបង្កើតទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ក្រោយរួមរស់ដោយមានអរិភាពនឹងគ្នាអស់រាប់ទសវត្សរ៍មកនេះអាចនឹងកែប្រែស្ថានការណ៍នយោបាយ និងសន្តិសុខក្នុងតំបន់ មជ្ឈិមបូព៌ាទាំងមូល ជាមួយការពង្រឹងឥទ្ធិពលអាមេរិកក្នុងតំបន់កាន់តែខ្លាំងឡើង។
លោក ត្រាំ កាលពីខែតុលាកន្លងទៅនេះបាននិយាយថាអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនឹងចូលរួមជាមួយ ប្រទេសមូស្លីមដទៃទៀតដែលបានចុះកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ជាមួយអ៉ីស្រាអែលកាលពីឆ្នាំ២០២០។
តែទោះជាបែបនេះក្ដី មន្ត្រីអារ៉ាប់២នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាទីក្រុងរីយ៉ាដបានបញ្ជូនសារទៅកាន់ទីក្រុងវ៉ាស៊ីនតោនតាមរយៈបណ្ដាញការទូតថាគោលជំហររបស់ខ្លួននឹង មិនប្រែប្រួលទេ នោះគឺអារ៉ាប៊ីសាអូឌីតនឹងភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល លុះត្រាតែរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានបង្កើតឡើង៕

