លោក ស៊ី ជិនពីង លើកយោបល់បង្កើតអង្គការថ្មីមួយសម្រាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិតពិភពលោក មានឈ្មោះថា «អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក» ក្នុងសន្និសីទកំពូល APEC

បរទេស៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានលើកយោបល់បង្កើតអង្គការថ្មីមួយសម្រាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិតពិភពលោក មានឈ្មោះថា «អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក» (World Artificial Intelligence Cooperation Organization – WAICO) ក្នុងសន្និសីទកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តនៅទីក្រុងគ្យុងជូ ប្រទេសកូរ៉េខាងត្បូង។
ស៊ី ជិនពីង បានបញ្ជាក់ថា បញ្ញាសិប្បនិម្មិតគួរត្រូវបានអភិវឌ្ឍន៍ និងប្រើប្រាស់ សម្រាប់អត្ថប្រយោជន៍របស់ប្រជាជនគ្រប់ប្រទេស និងតំបន់មិនមែនសម្រាប់ប្រទេសណាមួយនោះទេ។ លោកបានពិពណ៌នាអង្គការថ្មីនេះថា នឹងជួយបង្កើតច្បាប់ និងស្ដង់ដារអន្តរជាតិសម្រាប់បញ្ញាសិប្បនិម្មិត និងលើកកម្ពស់ការសហការរវាងប្រទេសនានា។
តាមការរាយការណ៍ ពីសារព័ត៌មានចិន អង្គការនេះអាចនឹងមានស្ថានការិយាល័យកណ្តាលនៅ ទីក្រុងស៊ាងហៃ ប្រទេសចិន។ ផ្ទុយពីនេះ អាមេរិកត្រូវបានរាយការណ៍ថា មិនយល់ស្របនឹងគំនិតបង្កើតអង្គការអន្តរជាតិសម្រាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិតទេ ព្រោះសហរដ្ឋអាមេរិកចង់រក្សាអំណាចក្នុងការគ្រប់គ្រងបច្ចេកវិទ្យានេះតាមរយៈច្បាប់ជាតិ និងការសហការតាមរយៈក្រុមជម្រើសតូចៗជាង។
ការលើកយោបល់នេះបង្ហាញថា ចិនចង់ក្លាយជាមជ្ឈមណ្ឌលក្នុងការកំណត់ច្បាប់ និងស្ដង់ដារសម្រាប់បញ្ញាសិប្បនិម្មិត នៅពេលដែលបច្ចេកវិទ្យានេះក្លាយជាឧបករណ៍សេដ្ឋកិច្ច និងយោធាដ៏សំខាន់។ វាជាចលនាដើម្បីប្រឈមនឹងឥទ្ធិពលនយោបាយបច្ចេកវិទ្យារបស់អាមេរិក៕

