១៨ថ្ងៃហើយ ដែលទាហានកម្ពុជាត្រូវបានទាហានថៃចាប់ដោយខុសច្បាប់, កម្ពុជារួមទាំងសហគមន៍អន្តរជាតិបន្តអំពាវនាវឱ្យភាគីថៃធ្វើការដោះលែងពួកគេឱ្យបានឆាប់

ភ្នំពេញ៖ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា មកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៨ថ្ងៃហើយ ដែលទាហានកម្ពុជាត្រូវបានទាហានថៃចាប់ដោយខុសច្បាប់ ហើយកម្ពុជារួមទាំងសហ គមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យភាគីថៃធ្វើការដោះលែងពួកគេឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈក្រុមគ្រួសាររបស់ជនរងគ្រោះកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ តាមបណ្តោយព្រំដែនកម្ពុជា និងថៃ ស្ថិតនៅទិសយោធភូមិភាគទី៤ និងទី៥ មានស្ថានភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកងទ័ពកម្ពុជាកំពុងស្ថិតនៅការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
លោកជំទាវម៉ាលី សុជាតា បានបន្តទៀតថា កិច្ចប្រជុំក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជានិងថៃដែលហៅកាត់ថា RBC លើកទី ២៧ ពេញមួយថ្ងៃកាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ ដែលភាគីកម្ពុជាដឹកនាំមេបញ្ជាការយោធភូមិភាគទី៣ ខណៈភាគីថៃដឹកនាំដោយមេបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងខេត្តត្រាតរបស់ថៃនោះទទួលបានផ្លែផ្កាល្អ ហើយរំពឹងថានឹងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់៕
