សម្តេចតេជោ បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយត្រូវបានគេខ្លាច និងចោទកម្ពុជាថាជាកន្លែងឋានសួគ៍លោកិយ៍នៃការឆបោកតាមរយៈអនឡាញ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ស្តីពីប្រធានបទ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព » ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយត្រូវបានគេខ្លាច និងចោទកម្ពុជាថាជាកន្លែងឋានសួគ៍លោកិយ៍នៃការឆបោកតាមរយៈអនឡាញទៅវិញ។
សម្តេចតេជោបានលើកឡើងថា កម្ពុជាពីមុនគឺជាកន្លែងភ័យខ្លាចដោយសារសង្រ្គាម ប៉ុន្តែឥឡូវកម្ពុជាត្រូវបានគេខ្លាច ដោយចោទថាជាកន្លែងឆបោកតាមអនឡាញទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេច បានចោទសួរទៅកាន់ប្រទេសដែល បានចោទប្រកាន់កម្ពុជានិងប្រទេសមួយចំនួនទៀតនោះគប្បីប្រដៅ និងណែនាំប្រជាជនកុំឲ្យលែងល្បែង ជាពិសេសល្បែងតាមអនឡាញទើបជាការល្អ ដើម្បីជៀសវាងការចាញ់បោកគេហើយដើរចោទប្រកាន់ប្រទេសគេ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ជាសំណួរចោទសួរទៅកាន់ប្រទេសដែលបាន ចោទប្រកាន់កម្ពុជាថា ជាទីតាំងឋានសួគ៍លោកិយ៍នៃល្បែងអនឡាញនោះ ហេតុអ្វីមិនបន្ទោសខ្លួនឯងផងទៅ។ ដោយសម្តេចបានអំពាវនាវដល់បណ្តាប្រទេសទាំងនោះថា«ហេតុអ្វីមិនអប់រំពលរដ្ឋខ្លួនថាកុំលែង ល្បែង សូម្បីតែសហរដ្ឋអាមេរិក ក៏ថាចាញ់ល្បែងអស់រាប់ពាន់លានដុល្លារ ម៉េចក៏រដ្ឋាភិបាលអាមេរិកមិន យកចិត្តទុកដាក់អប់រំពលរដ្ឋកុំឲ្យលែងល្បែងអនឡាញនោះទៅ»កុំមកបន្ទោស និងថាឲ្យគេ។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានប្រកាសអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងសកម្មបំផុតក្នុងការចូលរួមជាមួយអន្តរជាតិក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ឬល្បែងអនឡាញ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់បទល្មើសជាច្រើនទៀតផងដែរ៕

