គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកខណ្ឌ អាណត្តិទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ហង់ កុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង,លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី ជាគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងគណបក្សនយោបាយ និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សរុប១២៣នាក់។
ក្នុងកិច្ចស្វាគមន៍របស់លោក ហង់ កុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានលើកឡើងថា អង្គសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃ ព្រមទាំងធ្វើការស្វែងយល់ ពីចំណុចខ្លាំង និងបញ្ហាប្រឈម ក្នុងការបោះឆ្នោតនាពេលកន្លងមក ដើមី្បសម្រាប់ជាបទពិសោធន៍ និងធ្វើការកែលម្ល ក្នុងការបោះឆ្នោត នៅពេលក្រោយៗទៀត ឲ្យទទួលបានលទ្ធផលល្អឡើង សំដៅទៅលើការរៀបចំ ការបោះឆ្នោតឲ្យប្រព្រឹត្តទៅមានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
លោក ហង់ កុង បានមានប្រសាសន៍បន្តថាដោយផ្អែកលើប្រតិទិនរបស់ គ.ជ.ប ពីដំណាក់កាលមួយទៅដំណាក់កាលមួយ កិច្ចដំណើរ ការប្រព្រឹត្តទៅយ៉ាងរលូន ជាពិសេសនៅដំណាក់កាលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមសង្កេតការណ៍ ក្រោមកិច្ចការពារយ៉ាងហ្មត់ចត់ និងសហការយ៉ាងកក់ក្តៅបំផុត ពីអាជ្ញាធរ មានសមត្ថកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដែលបានទទួលខុសត្រូវការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ យ៉ាងល្អប្រសើរ ។
លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែងនិងជាតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលនៃរបាយការណ៍របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដែលបានអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា ដែលធ្វើឲ្យបេះដូងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែធ្វើឲ្យប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ បានទទួលស្គាល់ផងដែរ។
លោក អភិបាលរងខេត្តបន្តថាឆ្លងកាត់កិច្ចដំណើរការនៃការបោះឆ្នោតនេះ និងសមិទ្ធិផលដែលយើងទទួលបាននៅ ពេលនេះគឺពិតជាស្នាដៃដ៏ធំធេង និងមានសារៈសំខាន់បំផុត។
លោកថា សមិទ្ធិផលនេះនឹងជួយចាក់គ្រឹះកាន់តែរឹងមាំនូវលិទ្ធិប្រជាធិតេយ្យក្នុងព្រះរាជាណាចក្រកម្ពុជា និយាយរួម និងដោយឡែក ខេត្តស្ទឹងត្រែងយើងតែម្តង ។លទ្ធផលដ៏ធំធេងដូចដែលយើងបានអនុវត្ត និងរៀបរាប់ជូនខាងលើនេះគឺពិតជាឆ្លុះបញ្ជាំងអំពីវីរភាព និងការទទួលខុសត្រូវចំពោះភារកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត មន្រ្ដីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ដែលមានឆន្ទៈស្រលាញ់យុត្តិធម៌ សុខសន្តិភាព និង ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ពិតៗ។ជាងនេះទៅទៀត យើងកត់សម្គាល់ឃើញថា គណបក្សនយោបាយចំនួន ០៤ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងគណបក្សនយោបាយចំនួន ០៥ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណតិ្តទី៤ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តស្ទឹងត្រែង ដោយអនុវត្តបានល្អ ទៅតាមច្បាប់បោះឆ្នោត បទបញ្ជានីតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំនានា ដែលសរបញ្ជាក់ឱ្យឃើញថា គណបក្សនយោបាយមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានភាពចាស់ទុំផ្នែកនយោបាយ ដែលជាហេតុឈានទៅសម្រេចបាននូវ ស្ថេរភាពនយោបាយ សុខសន្តិភាព សុវត្ថិភាពនិង លទ្ធិប្រជាធិតេយ្យ៕

