កម្ពស់ទឹកទន្លេសេសានខេត្តស្ទឹងត្រែងកើនឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងបានណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាពរស់នៅ ហើយត្រូវប្រមូលផលដំណាំណាដែលអាចយកបាន ដោយត្រូវរុះរាន់ប្រមូលផល។ក្នុងឱកាសចុះជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេ-សេសាន នៅថ្ងៃទី០២សីហា ឆ្នាំ២០២៣នេះ លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ស្ថានភាពទឹកទន្លេសេសាន មានកម្ពស់ជាង៨ម៉ែត្រ ជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ។លោកអភិបាលស្រុកបានបញ្ជាក់ថា៖ ទឹកទន្លេសេសាននៅបន្តឡើងបន្ថែមទៀត បើតាមក្រសួងឧត្តុនិយមបានជូនដំណឹងចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៨សីហា និងមានភ្លៀងធ្លាក់ច្រើនបង្កឱ្យទឹកកាន់តែឡើងថែមទៀត និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូននៅតាមជួរដងទន្លេ ។លោកបន្តថា៖បញ្ហាប្រឈមនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅប្រកបរបរតាមបណ្ដោយដងទន្លេ និងបងប្អូនដែលមាន មូលដ្ឋានងាយរងគ្រោះផ្សេងទៀត សូមមេត្តា ត្រៀមបង្ការនិងប្រុងប្រយ័ត្នខ្ពស់ ហើយនាំគ្នាប្រមូលផលដំណាំទៅតាមដែលអាចធ្វើទៅបាន ហើយបើខ្វះកម្លាំងត្រូវជូនដំណឺងតាមរយៈមេភូមិ។លោកឃុតតែវ កសិកររស់នៅភូមិឃុំភ្លុកបានបញ្ជាក់ថា៖គ្រោះមហន្តរាយទឹកជំនន់នេះហក់ឡើងលឿន តែក្នុងរយពេល៣ថ្ងៃសោះ បង្កឱ្យលិចផលដំណាំដូចជាដំឡូងមី ពោត និងស្រូវមួយចំនួនក៏ត្រូវលិចផងដែរ។លោកប៊ុតថង តំណាងឱ្យចាស់ទុំនៅតំបន់ងាយរងគ្រោះបានក្រើនរំឭកឱ្យប្រជាពលរដ្ឋបង្កើនការត្រៀមលក្ខណៈបង្ការ និងថែរក្សាកូនចៅតូច ជនចាស់ជរា និងត្រៀមជម្លៀសសត្វចិញ្ចឹមទៅទីទួលសុវត្ថិភាព រៀបចំស្បៀងអាហារផ្សេងៗ ដើម្បីផ្គត់ផ្គង់ នៅពេលចាកចេញពីមូលដ្ឋានទៅរកទីទួលសុវត្ថិភាព។លោកបន្តថា៖មួយវិញទៀតត្រូវ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗពីព្រោះនៅពេលមានទឹកជំនន់បងប្អូន ក៏រកទីទួលសុវត្ថិភាព ពពួកសត្វផ្សេងៗ ក៏ទៅរកទីទួលរស់នៅផងដែរ ។សូមបញ្ជាក់ថា៖នៅថ្ងៃទី០២ សីហា ទឹកទន្លេសេសានមានកម្ពស់ ៨.១៩ម៉ែត្រ ទន្លេមេគង្គមានកម្ពស់ ៧.៦៥ ម៉ែត្រ នៅខេត្តស្ទឹងត្រែងហើយ កម្រិតកម្ពស់ទឹកនេះបង្កផលប៉ះពាល់ ភូមិចំនួន១៥នៅក្នុងស្រុកសេសាន ដែលមានប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ និងផលដំណាំផ្សេងៗជាច្រើនហិកតា រងការគំរាមកំហែងផងដែរ ៕ ប្រភពពី លោក គឹមហឿន វិទ្យុជាតិកម្ពុជាប្រចាំនៅខេត្តស្ទឹងត្រែង
