ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន

ភំ្នពេញ៖ លោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។
បន្ទាប់ពីបានស្តាប់ខ្លឹមសាររបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានរយៈពេលកន្លងមក របស់លោកស្រីឧត្តមសេនីយ៍ទោ ណា នាង អនុប្រធាននាយកដ្ឋានរួចមក លោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ដោយសេចក្តីរីករាយក្រៃលែង ដែលបានជួបសំណេះសំណាលសាកសួរសុខទុក្ខដល់នគរបាលនារី ពិសេសលោកជំទាវបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលនារី ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
លោកជំទាវឧត្តមសេនីយ៍ទោ មានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លា នៃការប្រារព្ធខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៣នេះ ជំនួសមុខឲ្យថ្នាក់ដឹកនាំ កងកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងក្នុងនាមលោកជំទាវផ្ទាល់ សូមចូលរួមអបអរសាទរប្រកបដោយក្តីសោមនស្សរីករាយ ជាមួយបងប្អូនកងកម្លាំងនគរបាលនារីទាំងអស់ ក្នុងមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។
លោកជំទាវឧត្ដមសេនីយ៍ទោ បានបន្តថា ទិវាអន្តរជាតិនារី៨មីនា ជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់នារីទូទាំងពិភពលោក ក៏ដូចជានារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់កងកម្លាំងនគរបាលជានារីនៅក្នុងនាយកដ្ឋាននេះ ហើយក៏ជាការរំឭកអំពីតួនាទីដ៏សំខាន់របស់នារីក្នុងការចូលរួមប្រកបដោយវីរភាពក្នុងបុព្វហេតុបម្រើសង្គម និងមនុស្សជាតិប្រកបដោយមោទនភាព។
លោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវគោលនយោបាយ និងទស្សនវិស័យលុបបំបាត់នូវការរើសអើង ដោយផ្តល់សិទ្ធិស្មើភាពរវាងបុរសនិងនារី ព្រមទាំងចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ហើយការបញ្ជ្រាបយេនឌ័រ គឺជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាព រក្សាសុខសន្តិភាព និងពន្លឿនល្បឿនការអភិវឌ្ឍក្នុងយុគសម័យឌីជីថល ។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងផ្ដល់ឱកាសជាអាទិភាពដល់នារីលើគ្រប់សកម្មភាព ទាំងកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សិល្បៈ វិស័យការពារជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម រួមទាំងវិស័យផ្សេងៗទៀតផងដែរ។
លោកជំទាវឧត្តមសេនីយ៍ទោ បានបន្តថា សព្វថ្ងៃនេះ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្តដល់កងកម្លាំងនគរបាលនារី ដោយបានផ្តល់ឋានៈ តួនាទី ក្នុងជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទើបមាននគរបាលនារី មានឋានៈជា អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ស្នងការរង ព្រមទាំងឧបត្ថម្ភគាំទ្រ លើកកម្ពស់ទាំងស្មារតី សម្ភា រនិងសមត្ថភាពជំនាញក្នុងការបំពេញមុខនាទីរបស់ខ្លួនទៀតផង។
ចុងក្រោយលោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ សូមគោរពជូនពរដល់លោក-លោកស្រីឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន លោក-លោកស្រីវរសេនីយ៍ ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
លោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ក៏បាននាំយកថវិកាឧបត្ថម្ភដល់នគរបាលនារីចំនួន ២៦នាក់ ក្នុងម្នាក់ៗទួលបានថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៥ម៉ឺនរៀល និងថវិកានាយកដ្ឋានចំនួន៥ម៉ឺនរៀល រួមទាំងសំពត់ស៊ឹងចំនួន០១ និងថតរូបអនុស្សាវរីយ៍ប្រកបដោយក្តីសប្បាយរីករាយ ៕
