ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងប្រជាពលរដ្ឋនៅស្រុកស៊ីធរកណ្តាល

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងប្រជាពលរដ្ឋក្នុងស្រុកស៊ីធរកណ្តាលជាង៣០០នាក់។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងអាជ្ញាធរ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃសាលាស្រុកស៊ីធរកណ្តាល។
បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកអភិបាលស្រុកស៊ីធរកណ្តាលរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែងនូវការកោតសរសើរដល់រដ្ឋបាលស្រុក ឃុំ និងមន្ត្រីជំនាញក្នុងស្រុក ឃុំ ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តឱ្យបន្តផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត ពិសេសអំពីសុខទុក្ខ និងការលំបាកនៃជីវភាពប្រជាជនក្នុងកាលៈទេសៈកំពុងជួបគ្រោះមហន្តរាយដោយជំនន់ទឹកទន្លេដែលឡើងខុសពីប៉ុន្មានឆ្នាំមុនៗកន្លងមក ដោយត្រូវដោះស្រាយនៅនឹងកន្លែងព្រមទាំងសុំអន្តរាគមទៅថ្នាក់លើឱ្យបានទាន់ពេលវេលា។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានរំលឹកជូនប្រជាជនឱ្យរក្សាអនាម័យ ប្រយ័ត្នកូនចៅលង់ទឹក និងសត្វអសិរពិសឡើងផ្ទះ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំខាន់ទប់ស្កាត់ការហូរចូលគ្រឿងញៀន បង្ក្រាបល្បែងស៊ីសង និងបទល្មើសផ្សេងៗគ្រប់រូបភាព ជម្រុញឱ្យប្រជាជនគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ ក្នុងសហគមន៍សាជាថ្មី ។

ឯកឧត្តមកិត្តិសេដ្ខាបណ្ឌិត ជាម យៀប បានបន្តថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែល បានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលអម្រែកភារកិច្ចពីប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហមការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងរ៊ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងជាក់ស្តែងក្នុងអាណត្តិភារកិច្ចឆ្នាំ២០១៨-២០២៣ នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពារមនុស្សរាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។
ឯកឧត្តមកិត្តុសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ថា ក្នុងន័យនេះ ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមអរគុណចំពោះការទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងរយៈកាលកន្លងមក និងសូមបន្តការគាំទ្រ ដើម្បីជាការផ្តល់ឱកាសឈានទៅបន្តបម្រើ និងសម្រេចភារកិច្ចជូនជាតិ និងប្រជាជនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជូនថវិកាដល់អ្នកចូលរួមចំនួនជាង៣០០នាក់ដោយម្នាក់ៗទទួលបានថវិកា ២០០០០រៀល ៕
