រដ្ឋមន្ត្រីវប្បធម៌ អញ្ជើញទស្សនាការសម្ដែងស្នាដៃ ល្ខោននិយាយ និងលើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ និងសិល្បករ ដែលកំពុងហាត់សមនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយ លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំជាច្រើនរូប កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅទស្សនាល្ខោននិយាយរឿង “ផ្កា ស្រពោន ” ដែលគ្រោងនឹងធ្វើការសម្តែងនាពេលខាងមុខ។
វត្តមានចូលរួមនាឱកាសនោះដែរមាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃ សាលាមធ្យមវិចិត្រសិល្បៈ បានចូលរួមទស្សនាផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងសិល្បករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ថែរក្សា ការពារ និងលើកស្ទួយ ទម្រង់សិល្បៈ ជាពិសេសធ្វើឱ្យទម្រង់ល្ខោនដែលពុំសូវមានសកម្មភាពស្ទើរតែបាត់បង់ឱ្យរស់រានមានសកម្មភាពឡើងវិញ៕