អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ

ហ៊្សេរុយសាឡិម៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ សម្រាប់ ពេល បច្ចុប្បន្ន ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានសេចក្តីប្រកាសយល់ព្រម លើការអនុវត្តបទឈប់បាញ់ឡើងវិញ។
លោក Katz លើកឡើងថាយោធាអ៉ីស្រាអែល នឹងបន្តស្ថិតនៅភាគខាងត្បូងលីបង់ លើទីតាំងដែលខ្លួនកំពុងគ្រប់គ្រង ជាផ្នែកមួយនៃអ្វីដែលរដ្ឋាភិបាលអ៉ីស្រាអែល ហៅថាជាតំបន់ការពារពលរដ្ឋភាគខាងជើងអ៉ីស្រាអែល ពីការវាយប្រហារដោយក្រុមហេសបូឡា។
លោក Katz បានលើកឡើងទៀតថា អ៉ីស្រាអែលនឹងបន្តកម្ចាត់ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម នៅទីតាំងនោះ ហើយថាអ៉ីស្រាអែលមានសេរីភាពក្នុងការធ្វើសកម្មភាព និងមានការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុងបេរូត ជាការឆ្លើយតបទៅនឹងការវាយប្រហារ មកលើសហគមន៍អ៉ីស្រាអែល៕

